ដើមកំណើតនៃជនជាតិថៃ-លាវ
ការធ្វើដំណើរមកទិសខាងលិចដោយជនជាតិថៃ-លាវ ជាព្រឹត្តិការណ៍ថ្មីថ្មោងមួយ ពីព្រោះវាទើបបានប្រព្រឹត្តឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១៣ នៃគ្រិស្តសករាជ ។ រីឯការបង្កើតប្រទេសថៃនិងលាវនៅលើទឹកដីខ្មែរជាព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រមួយ ដែលគេស្គាល់នូវការវិវត្តន៍ដ៏ច្បាស់លាស់របស់វា ។ បញ្ហានេះត្រូវបានអ្នកស្រាវជ្រាវជាច្រើននាក់យកមកលាតត្រដាងក្នុងសៀវភៅប្រវត្តិសាស្ត្រ នៃភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ។
បញ្ហាដែលបណ្តាអ្នកស្រាវជ្រាវបានបង្ហាញ គឺទឹកដីមួយភាគធំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះជាទឹកដីរបស់ខ្មែរទាំង មូល ពោលគឺមុនការបង្កើតប្រទេសថៃ និងលាវនៅសតវត្សរ៍ទី១៣នៃគ្រិស្តសករាជ និងប្រទេសវៀតណាមខាងត្បូងនាដើមសតវត្សរ៍ទី១៧នៃគ្រិស្តសករាជ។ នេះជាការពិតនៃប្រវត្តិសាស្ត្ររបស់ជនជាតិខ្មែរ ដែលខ្មែរគ្រប់រូបគប្បីចងចាំ ។ ម្យ៉ាងទៀតជនជាតិខ្មែរក៏មានតួនាទីជាប្រវត្តិសាស្ត្រក្នុងការផ្ទេរចំណេះដឹងវិទ្យាសាស្ត្រឱ្យជនជាតិថៃផងដែរ ។
គួររំលឹកឡើងវិញថា ក្នុងរជ្ជកាលរបស់ព្រះបាទសុរិយាវរ្ម័នទី២ ដែលបានសាងសង់អង្គរវត្ត ជនជាតិថៃដែលពុំទាន់បានបង្កើតរដ្ឋរបស់ខ្លួនឯងនៅឡើយ បានស៊ីឈ្នួលខ្មែរ ដោយមាននាទីជាមេទ័ព ឬជាអ្នកលីសែង ជីកដីឱ្យខ្មែរ ដែលចាស់ៗជំនាន់នោះហៅថា អាជាប់ជីក មានចម្លាក់មេទ័ពសៀមត្រូវបានគេឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្តជាភស្តុតាងស្រាប់ ។
លក្ខណៈពិសេសរបស់មេទ័ពនិងកូនទ័ពថៃនាសម័យនោះខុសប្លែកពីកងទ័ពខ្មែរ គឺពួកគេមានលក្ខណៈចិន។ តាមរូប ចម្លាក់គេអាចសន្និដ្ឋានថា មនុស្សថៃពុំទាន់កាត់ផ្សំជាមួយខ្មែរ និងកុលសម្ព័ន្ធខ្មែរមននៅឡើយទេ ហើយបើមានការកាត់ផ្សំក៏នៅមានកម្រិតតិចតួចដែរ ។
តាមរយៈនៃការសិក្សាថ្មីៗនេះ សាស្ត្រាចារ្យផ្នែកប្រវត្តិវិទ្យាជាច្រើននៃសកលវិទ្យាល័យភ្នំពេញបាន ឱ្យដឹងទៀតថា ជនជាតិថៃសុទ្ធសព្វថៃ្ងនេះ នៅរស់នៅប្រទេសចិនយ៉ាងច្រើនកុះករនៅឡើយ ដោយមនុស្សកុលសម្ព័ន្ធទាំងនោះពុំទាន់កាត់ផ្សំជាមួយខ្មែរនិង ខ្មែរព្រៃភ្នំទេគឺ នៅរក្សាទម្រង់វប្បធម៌ដើមរបស់ខ្លួន ។ រីឯរូបរាងកាយក៏ដូច្នោះដែរ ។ នេះសឱ្យឃើញថា វប្បធម៌ថៃ ក៏ដូចជាមនុស្សសាស្ត្រមានលក្ខណៈផ្សំសំយោគ ជាមូលហេតុដែលធ្វើឱ្យមានលក្ខណៈស្រដៀងប្រហាក់ប្រហែលនឹងខ្មែរ ។ ស្ថានភាពនេះពុំមែនជាការចៃដន្យឡើយ ត្រង់ចំណុចនេះប្រវត្តិសាស្ត្រអតីតអាចបំភ្លឺនូវបច្ចុប្បន្នកាលបាន ។
បណ្ឌិត មីសែល ត្រាណេបានបញ្ជាក់ដែរថា គេពុំដែលបានជួបប្រទះនូវបុរាណស្ថានថៃមុនសតវត្សរ៍ទី១៣ ក្នុងរាជាណាចក្រថៃបច្ចុប្បន្នឡើយ ដូច្នេះគ្រប់ការណ៌អំពីប្រភពនៃវប្បធម៌-អារ្យធម៌ ខ្មែរបុរាណយើង ត្រូវសិក្សានូវកំណាយទាំងប៉ុន្មានដែលគេបានប្រព្រឹត្តធ្វើឡើង ក្នុងភូមិភាគនេះ ។ បណ្ឌិត មីសែល ត្រាណេ បានបន្តទៀតថា ការដែលមិនសិក្សានូវសំណង់វប្បធម៌ទាំងនោះ អាចនាំមកនូវកង្វះខាតមួយយ៉ាងដំណំ ដែលយើងពុំអាចយល់បានឡើយ ព្រោះថាវាជាកត្តាធ្វើឱ្យប្រវត្តិសាស្ត្រខ្មែរបាត់ទម្រង់ដើម ពិតៗរបស់ខ្លួន ។
ជនជាតិថៃសព្វថៃ្ងកំពុងមានវិបត្តិផ្នែកសតិសម្បជញ្ញៈជាតិ ព្រោះថាមរតកវប្បធម៌ទាំងប៉ុន្មានដែលខ្លួនមាននៅក្នុងទឹកដីខ្លួនសព្វថ្ងៃនេះ ពុំមែនជាសមិទ្ធផលរបស់បុព្វការីជនរបស់ខ្លួនឡើយ គឺជារបស់ពួកខ្មែរ-មនទាំងអស់ ។ អ្វីដែលអ្នកស្រាវជ្រាវបានពោលបង្ហាញខាងលើនេះ គឺជាចំណុចខ្សោយរបស់ប្រវត្តិសាស្ត្រថៃ ហើយទោះជា យ៉ាងណាគេពុំអាចកែប្រែប្រវត្តិសាស្ត្រខ្មែរបានឡើយ។
សៀមកាន់កាប់-ដកថយពីភូមិភាគពាយ័ព្យខ្មែរ និង ប្រាសាទព្រះវិហារ យ៉ាងដូចម្តេច?
១-ពេលដែលប្រវត្តិសាស្ត្រប្រទេសកម្ពុជាចាប់ផ្តើម និងពេលដែលខ្មែរកសាងប្រាសាទព្រះវិហារ, ប្រវត្តិសាស្ត្រប្រទេសថៃមិនទាន់មាននៅឡើយទេ។
- តាំងពីសម័យនគរភ្នំ (គ.ស.ត.ទី១-គ.ស ៥៥០) រហូតដល់សម័យចេនឡា(គ.ស ៥៥០-គ.ស ៨០២) និងនៅក្នុងដំណាក់កាលដំបូងនៃសម័យអង្គរក៏មិនទាន់មានប្រវត្តិសាស្ត្រប្រទេសសៀមដែរ។
- នាសម័យអង្គររុងរឿង(គ.ស.៨០២ -គ.ស.១២២០) ចាប់ពីស្តេចជ័យវរ្ម័នទី២ ដល់ជ័យវរ្ម័នទី៧មិនទាន់មានប្រទេសសៀមលើផែនទីពិភពលោកទេ ហើយប្រាសាទព្រះវិហារត្រូវបានកសាងក្នុងសម័យនោះ(សតវត្សទី៩-ទី១១)។
- សម័យអង្គរដែលមាន ៦សតវត្សនោះ ៤សតវត្សដំបូង (ស.វ.ទី៩-ស.វ.ទី១៣)ជាសម័យរុងរឿង ដែលនៅក្នុងនោះប្រទេសកម្ពុជាបានក្លាយជាចក្រភពមួយគ្របដណ្តប់លើទឹកដីមួយភាគធំនៃអាស៊ីអាគ្នេយ៍ដីគោក និងមានប្រាសាទរាប់ពាន់ រាប់ទាំងប្រាសាទព្រះវិហារផងដែរ ជាកេរមរតកវប្បធម៌ ដែលនៅគង់វង្សរហូត មកដល់ពេលបច្ចុប្បន្ននេះ។
- នៅសម័យអង្គរប្រាសាទព្រះវិហារ ស្ថិតនៅតំបន់កណ្តាលនៃចក្រភពខ្មែរ។
- សម័យអង្គរចាប់ចុះទន់ខ្សោយចាប់ពីគ.ស.១២២១ ដល់ គ.ស.១៤៣១ (ចាប់ពីស្តេចជ័យវរ្ម័នទី៨ ដល់ស្តេចពញាយ៉ាត)ក្នុង ពេលដែលប្រវត្តិសាស្ត្រប្រទេសថៃបានចាប់ផ្តើមជាមួយសម័យសុខោទ័យ (គ.ស.១២៣៨- គ.ស.១៣៥០) និង សម័យអាយុធ្យា (ចាប់ពីគ.ស.១៣៥០ ដល់គ.ស.១៧៦៧)។
- ចាប់ពីសតវត្សទី១៣នៃគ្រិស្តសករាជ ប្រវត្តិសាស្ត្រនៃប្រទេសថៃត្រូវបានបែងចែកជា ៤ សម័យៈ សម័យសុខោទ័យ (គ.ស.១២៣៨-១៣៥០),សម័យអាយុធ្យា (គ.ស. ១៣៥០-១៧៦៧ ),សម័យក្រោយអាយុធ្យា (គ.ស. ១៧៦៧-១៨០០) និង សម័យរតនកូស៊ីន ឬបាងកក (ចាប់ពីគ.ស. ១៨០០)។
- រាជាណាចក្រសុខោទ័យបានឯករាជ្យនៅគ.ស. ១២៣៨។សុខោទ័យគឺជារាជាណាចក្រសៀម(ថៃ)ពិតប្រាកដដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្របានន័យថារហូតដល់ពេលកើតមានសុខោទ័យទើបកើតមានប្រវត្តិសាស្ត្រថៃតរៀងមក។សុខោទ័យមានន័យថា “អរុណោទ័យនៃសុភមង្គល” (Dawn of Happiness) ពីព្រោះនេះជាលើកដំបូងហើយដែលជាតិថៃបានចាកផុតពីអំណាចគ្រប់គ្រងនៃចក្រភពខ្មែរ។
- នៅពាក់កណ្តាលសតវត្សទី១៤ (គ.ស. ១៣៥០) ជនជាតិថៃបានពង្រីកឥទ្ធិពលពីសុខោទ័យចុះមកទិសខាងត្បូង មកកាន់អាយុធ្យាហើយបង្កើតធានីនៅទីនោះ។ ក្រុងអាយុធ្យាមិនត្រឹមតែស្ថិតនៅត្រង់ទីប្រសព្វនៃទន្លេ៣ប៉ុណ្ណោះទេ ប៉ុន្តែក៏ស្ថិត នៅជិតសមុទ្រ ដែលជាកត្តាជំរុញឱ្យប្រជាជនចូលរួមក្នុងពាណិជ្ជកម្មសមុទ្រផងដែរ។
- ក្នុងសម័យអាយុធ្យា ប្រទេសសៀមបានវាយដណ្តើមយករាជធានីអង្គរនៃចក្រភពខ្មែរចំនួន៣លើក៖
- លើកទី១ នៅគ.ស.១៣៦៩
- លើកទី២នៅគ.ស.១៣៨៨-៨៩
- លើកទី៣នៅគ.ស.១៤៣១
- ក្នុងអំឡុងពេល៣សតវត្សនៃសម័យអាយុធ្យានោះ មានសង្គ្រាមចំនួន៣៧លើក រវាងប្រទេសសៀម និងប្រទេសភូមា។ នៅឆ្នាំ១៧៦៧ ភូមាបានផ្តួលរំលំក្រុងអាយុធ្យា ហើយសម័យអាយុធ្យាក៏ត្រូវបញ្ចប់។
- សម័យក្រោយអាយុធ្យា រាជធានីសៀមបានប្តូរមកតាំងនៅធនបុរី ដែលនៅទល់មុខទន្លេចៅប្រាយ៉ា ហើយដល់ សម័យរតនកូស៊ីន ឬបាងកក រាជធានីតាំងនៅបាងកក និងបន្តរហូតដល់សម័យសន្តតិវង្សចក្រី។
- សម័យក្រោយអង្គរ ចាប់ពីសម័យចតុមុខ ដល់សម័យលង្វែក ចំគ្នានឹងប្រទេសថៃក្នុងសម័យអាយុធ្យាដែលឥទ្ធិពលថៃបានពង្រឹងជាលំដាប់ មកលើចក្រភពខ្មែរដែលចុះខ្សោយ។
- សម័យឧដុង្គចាប់ពីគ.ស.១៦១៨ រហូតដល់គ.ស១៨៦៣ ពេលដែលមានសន្ធិសញ្ញាបារាំង-ខ្មែរ ត្រូវនឹងសម័យក្រោយអាយុធ្យារបស់ថៃ (គ.ស.១៧៦៧-១៨០០) ឥទ្ធិពលសៀមក៏មិនថមថយដែរ។
- នៅគស.១៧៩៥សៀមកាន់កាប់ខេត្តខ្មែរនៅភូមិភាគពាយ័ព្យជាលើកដំបូងដែលនៅក្នុងនោះមានប្រាសាទព្រះវិហារ ផងដែរ។ គ.ស.១៩០៤ សៀមប្រគល់តំបន់ប្រាសាទព្រះវិហារមកឱ្យកម្ពុជាវិញ។
២-ការប្រៀបធៀបរជ្ជកាលនៃព្រះមហាក្សត្រកម្ពុជា និងថៃ ចាប់ពីចុងស.វ.ទី១៨
ព្រះមហាក្សត្រកម្ពុជា ព្រះមហាក្សត្រថៃ
១-ព្រះបាទអង្គអេង ១៧៧៩-១៧៩៦ ១-ព្រះចៅរាមាទី១, ១៧៨២-១៨០៩
២-ព្រះបាទអង្គច័ន្ទ ១៧៩៧-១៨៣៥ ២-ព្រះចៅរាមាទី២, ១៨០៩-១៨២៤
៣-ព្រះក្សត្រីអង្គម៉ី ១៨៣៥-១៨៤១ ៣-ព្រះចៅរាមាទី៣, ១៨២៤-១៨៥១
៤-ព្រះបាទអង្គឌួង ១៨៤១-១៨៦០ ៤-ព្រះចៅរាមាទី៤, ១៨៥១-១៨៦៨
៥-ព្រះបាទនរោត្តម ១៨៦០-១៩០៤ ៥-ព្រះចៅរាមាទី៥, ១៨៦៨-១៩១០
៦-ព្រះបាទស៊ីសុវត្ថិ ១៩០៤-១៩២៧ ៦-ព្រះចៅរាមាទី៦, ១៩១០-១៩២៥
៧-ព្រះបាទមុនីវង្ស ១៩២៧-១៩៤១ ៧-ព្រះចៅរាមាទី៧, ១៩២៥-១៩៣៥
៨-ព្រះបាទសីហនុ ១៩៤១-១៩៥៥ ៨-ព្រះចៅរាមាទី៨, ១៩៣៥-១៩៤៦
៩-ព្រះបាទសុរាម្រឹត ១៩៥៥-១៩៦០ ៩-ព្រះចៅរាមាទី៩, ចាប់ពីឆ្នាំ១៩៤៦
៣-សៀមកាន់កាប់ទឹកដីខ្មែរនៅភូមិភាគពាយ័ព្យនិងប្រាសាទព្រះវិហារ ចាប់ពីចុងស.វ.ទី១៨
- សម័យព្រះបាទអង្គអេង នៅឯប្រទេសសៀម ដោយសារការសោយទីវង្គតនៃព្រះចៅតាក់ស៊ីនសន្តតិវង្សចក្រីបានចាប់ផ្តើមឡើង។ ព្រះចៅយ៉តហ្វា ដែលមាននាមក្នុងរជ្ជកាលថា រាមាទី១ (១៧៨២-១៨០៩) បានប្តូររាជធានីមកកាន់ទីក្រុងបាងកក។ បន្ទាប់មកឥទ្ធិពលសៀមបានកើនឡើងមកលើប្រទេសកម្ពុជា។
- នៅគ.ស.១៧៩៥ សៀមបានកាន់កាប់ខេត្តបាត់ដំបង និងសៀមរាប ជាខេត្តពីររបស់ខ្មែរនៅភូមិភាគពាយ័ព្យជាលើកដំបូង ដោយសារអំពើក្បត់នៃមន្ត្រីខ្មែរ។
- ព្រះចៅរាមាទី៤ របស់សៀមបន្តកាន់កាប់ ចាប់ពីគ.ស.១៨៦៧ ដោយសារសន្ធិសញ្ញាបារាំង-សៀម ។
- ព្រះចៅជូឡាឡុងកន បានយល់ព្រមជាមួយបារាំងលើអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។
- ព្រះបាទស៊ីសុវត្ថិ, កម្ពុជាកាន់កាប់ឡើងវិញដោយសារសន្ធិសញ្ញាបារាំង-សៀម៖
-តំបន់ប្រាសាទព្រះវិហារ ចាប់ពីឆ្នាំ១៩០៤
-ខេត្តបាត់ដំបង និងសៀមរាប ចាប់ពីឆ្នាំ១៩០៧
- ព្រះចៅរាមាទី៨ របស់សៀមកាន់កាប់ប្រាសាទព្រះវិហារដោយខុសច្បាប់ចាប់ពីឆ្នាំ ១៩៤០ ហើយកាន់កាប់ភូមិភាគពាយ័ព្យកម្ពុជាឡើងវិញពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៦ ដោយសារអនុសញ្ញាបារាំង-សៀម ក្រុងតូក្យូ។
- សម័យព្រះបាទនរោត្តមសីហនុកម្ពុជាកាន់កាប់ភូមិភាគពាយ័ព្យឡើងវិញចាប់ពីឆ្នាំ១៩៤៦ ដោយសារកិច្ច ព្រមព្រៀងបារាំង-សៀម ក្រុងវ៉ាស៊ិងតោន។
ក្នុងសង្គ្រាមលោកលើកទី២ (១៩៣៩-១៩៤៥) ឆ្លៀតឱកាសដែលប្រទេសបារាំងចុះខ្សោយ ប្រទេសថៃបានទាមទារទឹកដីដែលបាត់បង់ពីមុនធ្វើឲ្យកើតមានសង្គ្រាមបារាំង-ថៃ នៅចន្លោះខែតុលា ១៩៤០ និងថ្ងៃ ទី៩ ឧសភា ១៩៤១។ សង្គ្រាមត្រូវបានបញ្ចប់នៅក្នុងខែឧសភា ១៩៤១ ដោយមានអន្តរាគមន៍ពីជប៉ុន និងដោយបារាំងយល់ព្រមប្រគល់ទឹកដីកម្ពុជាមួយភាគទៅឱ្យប្រទេសថៃ។
អនុសញ្ញាបារាំង-ថៃ ត្រូវបានចុះហត្ថលេខានៅទីក្រុងតូក្យូ នៅថ្ងៃទី ៩ ឧសភា ១៩៤១ តាមអន្តរាគមន៍នៃប្រទេសជប៉ុន ដែលតាមអនុសញ្ញានោះកម្ពុជាបានបាត់បង់ខេត្តបាត់ដំបង ខេត្តកំពង់ធំមួយភាគ ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង។
លុះជប៉ុនចាញ់សង្គ្រាមលោកលើកទីពីរ ទើបមានកិច្ចព្រមព្រៀងបារាំង-សៀម ថ្ងៃទី ១៧ វិច្ឆិកា ១៩៤៦ នៅទីក្រុងវ៉ាស៊ីងតោនដែលចាត់ទុកអនុសញ្ញា ឆ្នាំ ១៩៤១ ជាមោឃៈ និងតម្រូវឱ្យរក្សាស្ថានភាពព្រំដែន ដូចមុនឆ្នាំ១៩៤១។ ដូច្នេះ ថៃត្រូវប្រគល់ទឹកដីខ្មែរ ដែលបានកាន់កាប់ចាប់ពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៦នោះ មកឱ្យខ្មែរវិញ។
ដូច្នេះចាប់ពីឆ្នាំ១៩៤៦ បញ្ហាទឹកដីកម្ពុជានៅភូមិភាគពាយ័ព្យត្រូវបានបញ្ចប់។ ប៉ុន្តែបញ្ហាប្រាសាទ ព្រះវិហារនៅតែចោទឡើងជាបន្តមកទៀតដោយសារប្រទេសថៃមិនអនុវត្តតាមកិច្ចព្រមព្រៀងក្រុងវ៉ាស៊ិងតោន ឆ្នាំ១៩៤៦នោះ។
- ព្រះបាទនរោត្តមសុរាម្រឹត៖
- កម្ពុជាដាក់ពាក្យបណ្តឹងករណីប្រាសាទព្រះវិហារទៅតុលាការអន្តរជាតិ ក្រុងឡាអេ នៅឆ្នាំ១៩៥៩
- តុលាការកាត់ឱ្យកម្ពុជាឈ្នះក្តីករណីប្រាសាទព្រះវិហារនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២
- ថៃទទួលស្គាល់ជាផ្លូវការថា ប្រាសាទព្រះវិហារជារបស់កម្ពុជា ចាប់ពីថ្ងៃទី ២១ មិថុនា ១៩៦២
- កម្ពុជាកាន់កាប់ ប្រាសាទព្រះវិហារ ឡើងវិញជាផ្លូវការ ចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ១៩៦៣
៤-ស្ថានភាពអ្វីជំរុញឱ្យសៀមប្រគល់ភូមិភាគពាយ័ព្យមកឱ្យកម្ពុជា?
- ស្ថានភាពអាណាខេត្តខ្មែរនៅត្រើយខាងកើតនិងខាងលិច នៃទន្លេមេគង្គមានចំណុចគួរកត់សំគាល់ដូចតទៅ៖
- ទន្លេមេគង្គជាមហានទីនៅទ្វីបអាស៊ី ដែលហូរកាត់ប្រទេសកម្ពុជាពីព្រំដែនខាងជើងដល់ព្រំដែនខាងត្បូង។
- នៅឯព្រំសីមានៃអាណាខេត្តខ្មែរភាគខាងជើង ទន្លេមេគង្គពុះជ្រែកញែកអាណាខេត្តខ្មែរជាពីរតំបន់៖
១. នៅត្រើយខាងកើតទន្លេមេគង្គ មានជាអាទិ៍ ខេត្តស្ទឹងត្រែង ក្រចេះ និង តំបន់ឆ្លូងលើ ។
២. នៅត្រើយខាងលិចមាន ខេត្តទន្លេរពៅ ម្លូព្រៃ និង កំពង់ធំ ...។
- ក្នុងអំឡុងពាក់កណ្តាលទី២ នៃសតវត្សទី១៩សម្តេចព្រះនរោត្តម បានចាប់ផ្តើមពង្រឹងអំណាចខ្មែរនៅតំបន់ឆ្លូងលើ គឺខេត្តមណ្ឌលគិរីសព្វថ្ងៃ ហើយនៅឆ្នាំ១៨៨៤ ចៅហ្វាយខេត្តខ្មែរម្នាក់បាននៅប្រចាំការនៅ ស្រែខ្ទុំ ។ នៅសម័យនោះដែរ សៀមនៅតែបន្តការកាន់កាប់ទឹកដីខ្មែរ។
- ការចុះថយឥទ្ធិពលសៀម នៅចំពោះមុខបារាំង និងអង់គ្លេស នៅស.វ.ទី១៩
ការពង្រីកទឹកដីនៃសន្តតិវង្សចក្រី ត្រូវបានបញ្ឈប់នៅគ្រប់ទិស នៅចុងរជ្ជកាលនៃព្រះចៅណាងក្លាវ ឬ រាមាទី៣ (១៨២៤-១៨៥១) ដោយសារអាណាខេត្តចំណុះលែងស្ថិតនៅក្រោមការត្រួតត្រារបស់សៀម និង ដោយសារការកើនឡើងនូវឥទ្ធិពល នៃមហាអំណាចបស្ចឹមប្រទេស ជាពិសេស បារាំង និងអង់គ្លេស។
មហាអំណាចអាណានិគមទាំងពីរនេះ ធ្វើការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ទៅលើប្រទេសសៀម នៅចុងសតវត្សទី១៩។ នៅទិសខាងលិច អង់គ្លេសដណ្តើមយកបានភូមា នៅគ.ស. ១៨៨៥។ នៅទិសខាងត្បូង អង់គ្លេស បានតាំងអំណាចយ៉ាងរឹងមាំ ក្នុងចំណោមរដ្ឋអ៊ិស្លាមសំខាន់ៗ នៃឧបទ្វីបម៉ាឡេ។ ចំណែកនៅទិសខាងកើត សៀមបានទទួលរងនូវការគំរាមកំហែងពីសំណាក់បារាំង។ នៅពេលដែលការប្រយុទ្ធបានផ្ទុះឡើង រវាងកងទ័ពបារាំង និងសៀម នៅឯប្រទេសឡាវ ក្នុងខែមេសា ឆ្នាំ១៨៩៣ បារាំងបានបញ្ជូននាវាប្រដាប់ដោយកាំភ្លើង ទៅធ្វើការឡោមព័ទ្ធទីក្រុងបាងកក។
- កិច្ចព្រមព្រៀងបារាំង-សៀម ដែលតម្រូវឱ្យសៀមដកថយពីកម្ពុជា
ពីរទសវត្សក្រោយពីសន្ធិសញ្ញាអាណាព្យាបាលបារាំង-ខ្មែរ (ឆ្នាំ១៨៦៣) អាជ្ញាធរអាណានិគមបារាំងបានពង្រឹងអំណាច គ្រប់គ្រងរបស់ខ្លួននៅលើឧបទ្វីបឥណ្ឌូចិន ដោយបានបង្កើតឡើងនូវសហភាពឥណ្ឌូចិន នៅឆ្នាំ១៨៨៧ ហើយក្រោយពីនោះមិនយូរប៉ុន្មាន បារាំងបានរុញច្រានសៀមឱ្យដកថយពីកម្ពុជាជាបន្តបន្ទាប់ ៖
-លើកទី១៖ សន្ធិសញ្ញាបារាំង-សៀម ចុះថ្ងៃទី ៣ តុលា ១៨៩៣ សៀមឈប់កាន់កាប់ទឹកដីទាំងអស់ ដែលស្ថិតនៅត្រើយខាងកើតនៃទន្លេមេគង្គ និងនៅលើកោះទាំងឡាយនៃទន្លេនេះ មានន័យថាសៀមបានប្រគល់ខេត្តស្ទឹងត្រែង មកឱ្យខ្មែរវិញ។ ប្រទេសសៀមក៏បានសន្យាថា មិនដាក់កងកំលាំងទ័ពអ្វីទាំងអស់នៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប។
-លើកទី២៖ អនុសញ្ញាបារាំង-សៀម ថ្ងៃទី ១៣ កុម្ភៈ ១៩០៤សៀមត្រូវប្រគល់ខេត្តម្លូព្រៃ និងទន្លេរពៅ ដែលស្ថិតនៅត្រើយខាងលិចនៃទន្លេមេគង្គមកឱ្យកម្ពុជាវិញ ហើយដែលមានប្រាសាទព្រះវិហារនៅក្នុងនោះ។ នៅក្នុងឆ្នាំ១៩០៤ នោះផងដែរ សៀមត្រូវប្រគល់ខេត្តត្រាត ដែលជាខេត្តខ្មែរនៅតំបន់ឆ្នេរសមុទ្រ មកឱ្យបារាំងគ្រប់គ្រងវិញ។
-លើកទី៣៖ សន្ធិសញ្ញាបារាំង-សៀម ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ចុះហត្ថលេខា នៅទីក្រុងបាងកក តម្រូវឱ្យសៀមប្រគល់មកឱ្យបារាំងនូវទឹកដីខេត្តបាត់ដំបង សៀមរាប និង ស៊ីសុផុន។ បន្ទាប់មកខេត្តបាត់ដំបង សៀមរាប និងស៊ីសុផុន ត្រូវបានថ្វាយមកសម្តេចព្រះស៊ីសុវត្ថិ តាមអនុក្រឹត្យរបស់អគ្គទេសាភិបាលឥណ្ឌូចិន ចុះថ្ងៃទី ២៣ ធ្នូ ១៩០៧ ។
សង្ខេបមក សៀមបានដកខ្លួនចេញពីដឹកដីខ្មែរនៅភាគខាងជើង និងភាគពាយ័ព្យ ជា៤ដំណាក់ គឺ៖
- នៅឆ្នាំ ១៨៩០ ៖ ដកពីឆ្លូងលើ
- នៅឆ្នាំ១៨៩៣ ៖ ដកពីខេត្តស្ទឹងត្រែង
- នៅឆ្នាំ ១៩០៤ ៖ ដកពីខេត្តម្លូព្រៃ និងទន្លេរពៅ
- នៅឆ្នាំ ១៩០៧ ៖ ដកពីខេត្តបាត់ដំបង សៀមរាប និង ស៊ីសុផុន។
ដំណើរដកថយរបស់សៀមពីទឹកដីខ្មែរ មានរយៈពេល ១៧ ឆ្នាំ ទើបចប់សព្វគ្រប់ ។
source : Reaksmey Kampuchea
No comments:
Post a Comment