Wednesday, November 10, 2010

ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​របស់​សម្តេចព្រះ នរោត្តម សីហនុ​

​ខួប​ទី ៥៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា

កាសែតរស្មីកម្ពុជាបាន​ចុះផ្សាយ​អត្ថបទ​ស្តីពី​ប្រវត្តិ​សង្ខេប នៃ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​របស់​សម្តេចព្រះ នរោត្តម សីហនុ ដូចខាងក្រោមៈ​

​​នៅក្នុង​ព្រះរាជ​បេសកកម្ម ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ទ្រង់​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូជនីយកិច្ច ដើម្បី​ទាមទារ​ឯករាជ្យ​នៅ​កម្ពុជា ឱ្យ​រួច​ចាក​ផុតពី​អាណានិគម​បារាំង ។​
​ ​
​១) តាម​សន្ធិសញ្ញា​ចុះ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​១៩៤៩ បារាំង​បានទទួល​ស្គាល់​តាមផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។​

​​២) ជាគោលការណ៍​តាមផ្លូវ​ច្បាប់​ឯករាជ្យ​នេះ យើង​ទទួលបាន​មែន ប៉ុន្តែ​ចំពោះ​ការអនុវត្តន៍​ជាក់ស្តែង ឯករាជ្យ​នេះ នៅ​ខ្វះ​វិស័យ​ជាច្រើន​ទៀត ដូចជា អធិបតេយ្យ​ខាង​យុត្តិធម៌ ប៉ូលិស អំណាច​បញ្ជាការ​យោធា ការទូត ការប្តូរ និង​ការឱ្យ​ចាយ​ធនប័ត្រ ដើម្បី​ឱ្យមាន​ឯករាជ្យ​ទាំងស្រុង ។​

​៣) តាម​សេចក្តីប្រកាស​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៥២ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន បាន​សន្យា​យ៉ាង​ឱឡារិក​ចំពោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ថា “​ព្រះអង្គ​នឹង​ដណ្តើមយក​ឯករាជ្យ​ទាំងស្រុង​នេះ ដើម្បី​មាតុភូមិ​ក្នុង​រយៈពេល ៣​ឆ្នាំ យ៉ាងយូរបំផុត​” ។​

៤) នៅ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន បាន​ស្តេចយាង​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ឆ្ពោះទៅកាន់​ប្រទេស​បារាំង ដើម្បី​ទាមទារ​ឯករាជ្យ​របស់​កម្ពុជា ជាមួយ​ប្រមុខរដ្ឋ​បារាំង ។​

៥) នៅ​ដឺ​ឡា​ណា​ពូ​ល​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន បាន​ផ្ញើ​ព្រះរាជ​សារលិខិត​មួយច្បាប់​ជូន​ចំពោះ​លោក វាំង​សង់ អូ​រី​យ៉ូ​ល ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង ដើម្បី​រៀបរាប់​បង្ហាញ​ឱ្យ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​បារាំង ដឹង​ពី​ភាពចាំបាច់ សំដៅ​ធ្វើឱ្យ​បារាំង ពង្រីក​ក្របខ័ណ្ឌ​ឯករាជ្យ​ខ្មែរ ។​

​ភ្ជាប់​នឹង​ព្រះរាជ​សារលិខិត​នេះ មានការ​សិក្សា​គ្រប់គ្រាន់​ដោយ​ទឡ្ហីករណ៍​សំអាង​បញ្ជាក់ អំពី​ការ ទាមទារ​របស់​សម្តេច​និង​ការផ្តល់​យោបល់​ពី​បែប នៃ​ការផ្ទេរអំណាច​ជាយថាហេតុ ។​

​នៅ​ដឺ​ឡា​ណា​ពូ​ល ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៥៣ បន្ទាប់មក​នៅ​ហ្វុ​ង​តែ​ន​ណា​ប្លូ ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន បាន​សរសេរ​ព្រះរាជ​សារលិខិត​ចំនួន ០២ ច្បាប់​បន្តទៀត ផ្ញើជូន​លោក​វាំង​សង់ អូ​រី​យ៉ូ​ល និង​រដ្ឋាភិបាល​បារាំង ដើម្បី​បំពេញបន្ថែម​លើ​ទស្សនៈ​របស់​ព្រះអង្គ​ដែល​ទាក់ទង​ទៅនឹង​ឯករាជ្យ​ ខ្មែរ និង​ដើម្បី​ស្នើឱ្យ​រដ្ឋាភិបាល​បារាំង ប្រញាប់ប្រញាល់​ដោះស្រាយ​បញ្ហា​នេះ ។​

៦) នៅ​ចំពោះមុខ​ការលាក់លៀមរ​បស់​រដ្ឋាភិបាល​បារាំង ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន បាន​យាង​ចាក​ចេញពី​ប្រទេស​បារាំង នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​១៩៥៣ ឆ្ពោះទៅកាន់​ប្រទេស កាណាដា និង​សហរដ្ឋអាមេរិក ដែល​នៅ​ទីនោះ ព្រះអង្គ​បានធ្វើ​យុទ្ធនា​ការឃោសនា ដើម្បី​ឯករាជ្យ​របស់​ប្រទេស​ព្រះអង្គ ។​

​​សេចក្តីថ្លែងការណ៍​រប​ស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន ត្រូវបាន​ចុះផ្សាយ ដោយ​កាសែត​ដ៏​ធំ “​ញី​វ​យ៉​ក​ថែម​” នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៥៣ លាន់ឮ​ខ្ទរខ្ទារ​ពេញ​ពិភពលោក​ទាំងមូល ហើយ​បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​បារាំង ទទួល​យល់ព្រម​ធ្វើការ​ចរចា​ជាមួយ​តំណាង​ផ្ទាល់​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន ។ តំណាង​នេះ គឺ​ឯកឧត្តម ប៉ែន នុត ដោយមាន​ការចូលរួម​ពី​ឯកឧត្តម សម សារី ផង ។​

​​៧) ការចរចា​នៅ​ប៉ារីស បាន​ឈានទៅដល់​សំណើ​មួយ​ដែល​ធ្វើឡើង ដោយមាន​ប្រទេស​បារាំង​យល់ព្រម​ផ្តល់​សម្បទាន​ដ៏​សំខាន់​ខ្លះ​ដល់​កម្ពុជា ។​

នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​១៩៥៣ ឯកឧត្តម ប៉ែន នុត បាន​អញ្ជើញ​វិលត្រឡប់​មកកាន់​កម្ពុជា​វិញ ដើម្បី​ទូលថ្វាយ​ព្រះមហាក្សត្រ​អំពី​លទ្ធផល​ដែល​ទទួលបាន​នៅ​ប៉ារីស ។​
​ ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន បាន​យាង​មកកាន់​រាជធានី​ភ្នំពេញ​វិញ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៥៣ ដើម្បី​ជួប​ជាមួយ​សហសេវិក និង​នាយករដ្ឋមន្ត្រី​របស់​ព្រះអង្គ ។​

​៨) ចំពោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ដែល​បាន​ថ្វាយ​ព្រះ​កិត្តិយស ចំពោះ​ព្រះអង្គ ជា​អ្នកទទួល​ជ័យជំនះ និង​ជា​វីរបុរស​នោះ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន ទ្រង់​បាន​សន្យា​យ៉ាង​មហោឡារិក នៅក្នុង​ព្រះ​សុន្ទរកថា​មួយ​ដែល​ទ្រង់​បាន​ថ្លែង​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​១៩៥៣ ពី​ព្រះទីនាំង​ចន្ទ​ឆាយា​ថា “​ព្រះអង្គ​នឹង​បូជាជីវិត​ដើម្បី​ដណ្តើមយក​ឯករាជ្យ​ឱ្យបាន ១០០ ភាគរយ​” ។​

៩) នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន ទ្រង់​បាន​ភៀស​ព្រះអង្គ​ទៅ​ប្រទេស​ថៃ ក្រោយពី​មាន​សេចក្តីប្រកាស​មួយ ដែល​ទាក់ទាញ​ពិភពលោក ស្តីពី​ការ មិន​ពេញ​ចិត្តនឹង​បំណងប្រាថ្នា​ស្របច្បាប់​របស់​ប្រជាជាតិ​ខ្មែរ ។ ការមិន​ពេញចិត្ត​នេះ អាច​នាំមក​នូវ​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ ទាំង​សម្រាប់​ប្រទេស​កម្ពុជា និង​ពិភពលោក​ទាំងមូល ។​

១០) ក្រោយពី​បានដឹងថា គ្រប់​ប្រជាជាតិ មានការ​យោគយល់​ចំពោះ​ការទាមទារ​ឯករាជ្យ និង​ចំពោះ​ព្រឹត្តិការណ៍​នៅ​ប្រទេស​កម្ពុជា ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន បាន​យាង​ត្រឡប់មក​មាតុភូមិ​របស់​ព្រះអង្គ​វិញ ហើយ​យាង​ទៅ​គង់នៅ​តំបន់​ស្វ័យ​ត​មួយ ដែល​រួមមាន​ខេត្តសៀមរាប បាត់ដំបង និង​កំពង់ធំ ។​

​​ស្វយ័តភាព​ផ្នែក​យោធា​នៃ​ខេត្ត​ទាំងនេះ ត្រូវបាន​ប្រគល់ឱ្យ​កម្ពុជា ដោយមាន​ការទាមទារ​មួយ របស់​ព្រះរាជា​ដែល​បាន​ធ្វើឡើង​នៅ​ឆ្នាំ​១៩៤៩ សម្រាប់​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ និង​នៅ​ឆ្នាំ​១៩៥២ សម្រាប់​ខេត្តបាត់ដំបង ។​

​​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន ទ្រង់​បានប្រកាសថា ព្រះអង្គ​នឹង​យាង​ចូល រាជធានី​វិញ នៅពេលណា​ដែល​បារាំង​ព្រម​ផ្ទេរ​មកឱ្យ​កម្ពុជា​វិញ នូវ​កេ​តន​ភ័​ណ្ឌ​ចុងក្រោយ​នៃ​ឯករាជ្យ​របស់ខ្លួន ។​

​​ដើម្បី​គាំពារ​នូវ​ព្រះរាជ​បូជនីយកិច្ច​នេះ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន ទ្រង់​បាន​បង្កើត​កងកម្លាំង​ជីវពល និង​នារីក្លាហាន ដែល​ក្រោយមក​មាន​តួនាទី​យ៉ាង​ធំធេង ។​

​​ឯកឧត្តម ប៉ែន នុត នាយករដ្ឋមន្ត្រី ទទួលបន្ទុក​រ៉ាប់រង​ការពារ​តំបន់​ស្វយ័ត​របស់​ព្រះរាជា ។​

១១) ការចរចា​ដែល​ប្រព្រឹត្តទៅ​នៅ​ក្រុងភ្នំពេញ ដោយមាន​ការណែនាំ​ពី​ព្រះរាជា និង​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម ប៉ែន នុត បានសម្រេច​ដោយ​ជោគជ័យ​ទាំងស្រុង ។​

​​នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​១៩៥៣ មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ទេរអំណាច​តុលាការ និង​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ទេរ​សមត្ថកិច្ច​របស់​ប៉ូលិស ។ នៅ​ចុងបញ្ចប់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​១៩៥៣ មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​អធិបតេយ្យ​ខាង​យោធា​របស់​ប្រជារាស្ត្រ​ខ្មែរ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​​ជាមួយគ្នានេះ អធិបតេយ្យ​ទាំងមូល​លើ​ផ្នែក​ការទូត ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការប្តូរ​លិខិត​រវាង រដ្ឋាភិបាល​បារាំង និង​រាជរដ្ឋាភិបាល (​ចម្លើយ​របស់​រដ្ឋាភិបាល​បារាំង ចំពោះ​កំណត់​មួយ​របស់​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​១៩៥៣ ដែល​ប្រគល់​ដោយ​អគ្គស្នងការ របស់​សាធារណរដ្ឋ​បារាំង​លេខ ៣៩៣ អ៊ែរ ចុះ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​១៩៥៣ លិខិត​ទទួល និង​ភាពត្រឹមត្រូវ​លើ​ការអនុវត្តន៍​កិច្ចព្រមព្រៀង មានចែង​ក្នុង​កំណត់​មួយ​សម្រាប់​រាជរដ្ឋាភិបាល ដែល​ប្រគល់ជូន​អគ្គស្នងការ នៃ​សាធារណរដ្ឋ​បារាំង នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​១៩៥៣ ក្រោម​លេខ ៦៧ ប៉េ សេ អឹម អែ​ស អឹម​) ។​

១២) នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា​ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន ស្តេច​បាន​យាង​ចូលមកក្នុង​រាជធានី​ភ្នំពេញ​វិញ ។ លើ​ចម្ងាយ​ផ្លូវ ៣០០ គីឡូម៉ែត្រ ដែល​ព្រះអង្គ​ធ្វើដំណើរ ប្រជារាស្ត្រ​ខ្មែរ​ក្នុង​ក្តី​រំជួលចិត្ត បានធ្វើឱ្យ​ព្រះអង្គ​ទទួលបាន​នូវ​ជោគជ័យ​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក ។​

​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ គឺ​៨​ខែ មុន​សន្និសីទ​ក្រុង​ហ្សឺ​ណែវ មាន​ធ្វើ​ពិធី​មួយ​នៅមុខ​ព្រះបរមរាជវាំង​ដែល​ឧទ្ទិស​ចំពោះ​ការដកថយ នៃ​អំណាច​របស់​បារាំង​ពី​ប្រទេស​កម្ពុជា ។​

​​លោក​ឧ​ត្ត​ម​សេនីយ៍ ឡង់ ក្លាត បានប្រគល់​យ៉ាង​មហោឡារិក នូវ​អំណាច​បញ្ជាការ​របស់ខ្លួន​ថ្វាយ​ព្រះរាជា ។​

​​កងទ័ព​និង​អគ្គសេនាធិការ​របស់​បារាំង បាន​ដកថយ​ពី​ព្រះរាជាណាចក្រ​កម្ពុជា ។ ឯករាជ្យ​របស់​ខ្មែរ បានក្លាយ​ទៅជា​ឯករាជ្យ​អចិន្ត្រៃយ៍ និង​ទាំងស្រុង ។ វិបត្តិ​រវាង​ខ្មែរ និង​បារាំង​ត្រូវបាន​បញ្ចប់ ។​

​ពពក​ខ្មៅ​ចុងក្រោយ​ដែល​បិទបាំង​មិត្តភាព​ខ្មែរ​-​បារាំង បាន​រលាយ​សាបសូន្យ​ទាំងស្រុង បន្ទាប់ពី​ការទទួលស្គាល់​ទាំងស្រុង​ពី​ប្រទេស​បារាំង នៅ​ខែធ្នូ ឆ្នាំ​១៩៥៤ លើ​អធិបតេយ្យ​ទាំងមូល​របស់​កម្ពុជា លើ​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​គណៈប្រតិភូ​ខ្មែរ​ដែល​បញ្ជូនទៅ​ក្រុងប៉ារីស​ដោយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន ដើម្បី​ស្នើឱ្យ​រដ្ឋាភិបាល​បារាំង​ទទួលស្គាល់​ជា​ផ្លូវការ គឺ​ត្រូវ​ដឹកនាំ​ដោយ​ឯកឧត្តម ចាន់ ណាក បន្ទាប់ពី​ឯកឧត្តម​បានទទួល​មរណៈភាព​នៅ​ទីក្រុង​ប៉ារីស​នោះ គណៈប្រតិភូ​ខ្មែរ ត្រូវ​ដឹកនាំ​ដោយ​ឯកឧត្តម ញឹក ជូ​ឡុង និង​នៅ​ចុងក្រោយបង្អស់ ដឹកនាំ​ដោយ​ឯកឧត្តម អួ ឈី​ន ដែល​នៅពេលនោះ ជា​ឧបនាយករដ្ឋមន្ត្រី និង​ចូលរួម​ដោយ​ឯកឧត្តម សឺ​ន សាន ។​

​​១៣) នៅ​ខែកក្កដា ឆ្នាំ​១៩៥៤ ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅ​ក្រុង​ហ្សឺ​ណែវ បាន​ប្រព្រឹត្ត​ទៅដោយ​រួមបញ្ចូល​គូបដិបក្ខ ដែលមាន​វិវាទ​នៅ​ឥណ្ឌូចិន ។​

​​នៅ​សន្និសីទ​ក្រុង​ហ្សឺ​ណែវ ព្រះមហាក្សត្រ​បាន​បញ្ជូន​គណៈប្រតិភូ​មួយក្រុម ដឹកនាំ​ដោយ​ឯកឧត្តម ទេព ផន នៅពេលនោះ ជា​រដ្ឋមន្ត្រីការបរទេស (​និង​មាន​ឯកឧត្តម ញឹក ជូ​ឡុង ឯកឧត្តម សម សារី ឯកឧត្តម នង គឹម​នី ឯកឧត្តម សឺ​ន សាន ៘​) ដែល​ក្រោម​ការណែនាំ​ពី​ព្រះមហាក្សត្រ​បានដឹងថា សន្និសីទ​ប្រកាស​ដកទ័ព​របស់​ប្រទេសជិតខាង​មួយ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ។ ប្រទេស​កម្ពុជា​ចេញពី​សន្និសីទ​ហ្សឺ​ណែវ​នេះ (​កក្កដា ១៩៥៤) ដោយ​គ្មាន​ការខូចខាត​អ្វី​ទាំងអស់ ។ ផ្ទុយ​ពី​ប្រទេស​ឡាវ និង​វៀតណាម ព្រះរាជាណាចក្រ​កម្ពុជា អាច​ចៀសវាង​ការបែងចែក​ទឹកដី ។​

១៤) ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន យ៉ាងតិច ៣​ឆ្នាំ ទើប​អាចបំពេញ​នូវ​កិច្ចសន្យា​របស់​ព្រះអង្គ​ចំពោះ​ប្រជារាស្ត្រ ។ ប្រជារាស្ត្រ​ខ្មែរ បាន​ថ្វាយ​ព្រះ​ឋានៈ​ចំពោះ​ព្រះអង្គ​ថា ជា​ព្រះបិតា​ឯករាជ្យ​ជាតិ ហើយ​តាម​សំណូមពរ​របស់​តំណាងរាស្ត្រ​ក្នុង​ក្របខ័ណ្ឌ​ក្រុមប្រឹក្សា​ពិគ្រោះ​ ជាតិ​រដ្ឋាភិបាល បាន​លើក​ព្រះ​អង្គជា​វីរៈបុរស​ជាតិ ស្របតាម​ព្រះមហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ឧ​ត្តុ​ង​ឧ​ត្ត​ម​របស់​ព្រះអង្គ ៕

source : http://cen.com.kh

3 comments:

Anonymous said...

Group networking locality isn't good if it is the alone a certain temperament to present with friends. last minute chorwacja WTF?

Anonymous said...

A net positioning - pozycjonowanie is a greatly generative method to secure a ace site in most of well-liked search engines, in the beginning of all in Google. It's exceptionally closely reciprocal to net optimization. To begin foul in search engines means that the trap call out will be visited uncountable times. And that's the paramount mission of the web positioning, get crap-shooter set of your web locale. The net positioning is an amazing inspiration in the internet. Asunder except for from that, positioning is rather for a song kind of advertising. At non-standard presently spider's web positioning is the finest method to arrange your web page more famous.

Anonymous said...

Wymagam stestuj jak wyglada pozycjonowanie stron www w w szukajkach ja przedtem znam na czym to zaufa!!