សិលាចារឹកសម័យនគរភ្នំនាសតវត្សរ៍ទី១
សិលាចារឹកនៃប្រទេសកម្ពុជា គឺជាមរតកឯកសាររឹងដ៏សំខាន់មួយបែប ដ៏ច្រើន និងដ៏មានគុណភាពល្អជាងគេនៅក្នុងពិភពលោក ប្រសិនបើប្រៀបធៀបជាមួយនឹងសិលាចារឹកនៃបណ្តាប្រទេសដទៃទៀត ។ មានសិលាចារឹកមួយផ្ទាំងដែលកម្រនឹងជួប ប្រទះដោយ “បិតៃ ឬបុព្វបុរសខ្មែរ” យើងបានចារនៅលើ “គ្រាប់អង្កាំ” ត្រូវគេរកឃើញក្នុងខេត្តក្របី ភូមិភាគខាងត្បូងប្រទេសសៀមសព្វថ្ងៃ ហើយវាស្ថិតក្នុងសម័យបុរាណ ជាផ្នែកមួយនៃអាណាចក្រភ្នំ ចិនហៅថា វ្នំ ឬហ្វូណន ។
សិលាចារឹកនេះបុព្វបុរសខ្មែរ ឆ្លាក់លើ "គ្រាប់អង្កាំ” នៅសម័យនគរភ្នំត្រូវបានគេរកឃើញ នៅលើ អតីតទឹកដីខ្មែរខេត្តក្របីនៃប្រទេសថៃសព្វថ្ងៃ។
ឯកសារដ៏មានសារសំខាន់នេះ ត្រូវអានដោយលោក ព្រិឆា ណនសុខ ហើយប្រែដោយលោក ប្រះយ៉ាត់ ក្យេម្ត ។ ដូច្នេះអ្នកទាំងពីរនេះសុទ្ធសឹងតែជាអ្នកឯកទេសថៃខាង សិលាចារឹកសាស្ត្រដ៏ចំណានប្រចាំប្រទេសថៃដែលកំពុងតែអន្តរាយ ដោយសារត្រូវ “បណ្តាសា” ដូនតាខ្មែរដែលពួកគេឆ្លៀតឆក់យកផលប្រយោជន៍ ឬទ្រព្យសម្បត្តិរបស់ “ព្រះឥសៈ” (ឥសូរ) ។
ដោយសំអាងលើការស្រាវជ្រាវរបស់សិលាចារឹកវិទូថៃ ស្តីពីតួអក្សរដែលបុព្វបុរសខ្មែរបានឆ្លាក់នៅលើគ្រាប់អង្កាំខាងលើនោះ បុរាណវិទូបណ្ឌិត មីសែល ត្រាណេ អ្នកឯកទេសប្រវត្តិសាស្ត្រប្រទេសកម្ពុជាបានឱ្យដឹងថា “ជនជាតិខ្មែរដែលរស់នៅក្នុងចក្រភពនគរក្នំ ចេះប្រើអក្សរក្នុងអម្លុងសតវត្សរ៍ទី១ និងទី២ នៃគ្រិស្តសករាជ យ៉ាងប្រាកដ ពោលគឺពុទ្ធសករាជ៧-៨ ហើយអក្សរបុរាណទាំងនោះគឺជាអក្សរ ព្រហ្មី” ។
តួអក្សរដែលចារនោះមានត្រឹមតែពីរបន្ទាត់តែប៉ុណ្ណោះ ដែលទាក់ទិនទៅនឹងជំនឿ “លើព្រាហ្មញ្ញសាសនា” ។ លោកមីសែល ត្រាណេ បានបញ្ជាក់អំពីអត្ថន័យនៃសិលាចារឹកនោះទៀតថា “នៅបន្ទាត់ទីមួយពាក្យអានគឺ លោត មលេញ (ន) និងបន្ទាត់ទីពីរពាក្យអានគឺ គ ធំប្រុ កណ្ឌ” ។
យោងតាមខ្លឹមសារនៃសិលាចារឹក ឬអត្ថបទរឹងនេះមានដូចតទៅៈ ការប្រែបន្ទាត់ទីមួយសិលាចារឹកនេះជារូបលក្ខណៈរបស់ព្រះព្រហ្ម ព្រះឥន្ទ្រ ព្រះព្រហស្បតិ៍ និង ព្រះគនេស និងបន្ទាត់ទីពីរសេចក្តីល្ងង់ខ្លៅ ។
លោកបណ្ឌិតបានឱ្យដឹងទៀតថា សារសំខាន់គឺជនជាតិខ្មែរបានចេះសរសេរអក្សរដោយយកតួអក្សរ “ព្រហ្មី” ធ្វើជាគំរូតាំងតែពីដើមសតវត្សរ៍ទី១ និងទី២មកម្ល៉េះ គឺមុនសិលាចារឹកវូកាញប្រមាណជា១៥០ឆ្នាំមុនឯណោះ ។
រហូតមកដល់សព្វថ្ងៃនេះបើយោងតាមការធ្វើជំរឿនរបស់អ្នកស្រាវជ្រាវ បារាំង-ខ្មែរ និងមួយផ្នែកទៀតដោយមន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឃើញថា “សិលាចារឹកនៃប្រទេសកម្ពុជាបានរកឃើញមានប្រមាណជាង១៣០០ហើយ ចំនួននេះនឹងត្រូវកើនឡើងជាបន្តទៀត ។ ពីព្រោះ ពីមួយថ្ងៃទៅមួយថ្ងៃគេនៅតែប្រទះឃើញសិ លាចារឹកថ្មីៗជាបន្តបន្ទាប់ ជាពិសេសនៅតំបន់ដែលមានសំណល់ ប្រាសាទបុរាណ ឬ បូជនីយដ្ឋាន អតីតទីក្រុងឬ ទីប្រជុំជន ស្ថានីយ៍ប្រវត្តិសាស្ត្រ ឬបុរាណសាស្ត្រផ្សេងៗ ៕
Source : Reaksmey Kampuchea Daily Newspaper
Notification :
- សិលាចារិកវ៉ូកាញ់ : the oldest Khmer stele (inscription on stone)
- សិលាចារិកអង្គបុរី : the 1st ever Khmer stele in ancient Khmer language
No comments:
Post a Comment