Monday, September 20, 2010

បណ្ឌិត​ប្រវត្តិសាស្ត្រ​ថៃថា ពាក្យ​ Preah Vihear ប្រើ​តាំងពី​យូរ

ប្រធាន​អ្នកប្រវត្តិសាស្ត្រ​ប្រចាំ​សកល​វិទ្យាល័យ​ធម្មសាស្ត្រ​របស់​សៀម បណ្ឌិត​ ឆាន​វីត ក្សេត​សិ​រិ បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​កាសែត​មតិ​ឈុន និង​បាន​ផ្សព្វផ្សាយ​តាម​វេបសាយ កាលពី​ចុងខែ​សីហា ដោយ​ពណ៌​នាពី​ជម្លោះ​ព្រំដែន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ខ្មែរ មានដូចជាៈ

Q: បញ្ហា​ជម្លោះ​ប្រាសាទ​ព្រះវិហារ​ជា​រឿង​ផែនទី​ឬ​ជា​រឿង​អ្វី​ ?
A: បញ្ហា​មួយ​នេះ គឺ​ស្ថិតនៅត្រង់ល្បែង​នយោបាយ ។ ខ្ញុំ​គិតថា ករណី​ប្រាសាទព្រះវិហារគួរ​បញ្ចប់​តាំងពី​ឆ្នាំ​១៩៦២ នៅពេល​​តុលាការអន្តរជាតិ​អនុម័ត​ដោយ​សំឡេង​ ៩​ លើ​ ៣ ​ឱ្យ​ប្រាសាទ​បុរាណ​មួយ​នេះ​ទៅ​កម្ពុជា។ ត​មក ក្នុង​រឿង​ចុះបញ្ជី​ប្រាសាទ ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក វា​គួរ​បញ្ចប់​តាំងតែ​ពី​ឆ្នាំ ២០០៨ ពេល​ដែល​អង្គប្រជុំ​អង្គការ​យូណេស្កូមាន​មតិ​ជា​ឯកច្ឆន្ទ ​២១​ប្រទេស​ គ្មាន​ការប្រឆាំង​ដូច​ករណី​តុលាការ​ អន្តរជាតិ ​ឆ្នាំ​១៩៦២ ។ ប៉ុន្តែហេតុ​ដែល​រឿង​នេះ​ត្រូវ​ផ្ទុះ​ឡើង​មក​ទៀត​ជា​បន្តបន្ទាប់​នោះ ព្រោះ​មាន​គេ​ធ្វើ​ឱ្យ​វា​ក្លាយជា​ចំណុច​ខាង​នយោបាយ ដើម្បី​ផ្តួលរំលំ​ភាគី​ម្ខាង​ទៀត ឬ​ដើម្បី​ប្រមូល​សំឡេង​សន្លឹកឆ្នោត។ ដូច្នេះ​ឃើញ​ថា វា​មិនមែន​ជា​ចំណុច​ខាង​ច្បាប់​អន្តរជាតិ ហើយ​វា​ក៏​មិនមែន​ជា​ចំណុច​រឿង​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​ដោយ​ផ្ទាល់​ដែរ ។​

​Q: នយោបាយ​បែប​នេះ នរណា​ទទួលបាន​ផលប្រយោជន៍ ​?
A: លើ​ជ្រុង​មួយ ដោយ​តាំងចិត្ត ឬ​មិន​តាំងចិត្ត​ក៏ដោយ វា​ជា​ល្បែង​នយោបាយ ដែល​អំណោយផល​ច្រើន​ដល់​រដ្ឋាភិបាល​កម្ពុជា​។ ខាង​ល្បែង​នយោបាយ​សៀម វា​បង្កើត​នូវ​ភាព​បែកបាក់​ក្នុងប្រទេស ប៉ុន្តែ​ផ្ទុយ​គ្នា​វិញ វា​បាន​បង្កើត​ឱ្យ​ជនជាតិ​កម្ពុជា​រួម​សាមគ្គី​គ្នា ដែល​មិន​ធ្លាប់​មាន​កាលពីមុន​មក ។ កម្ពុជា​ធ្លាប់​តែ​បែកបាក់ក្រោយ​សង្គ្រាមលោកលើកទី​២ តែ​បច្ចុប្បន្ន រឿង​ប្រាសាទព្រះវិហារបង្កើត​ឱ្យ​មាន​ឯកភាព​ជាតិ មាន​ស្ថិរភាព សំរាប់​រដ្ឋាភិបាល​សម្តេច​តេជោ ​ហ៊ុន សែន ។ ខណៈ​នោះ​ប្រទេស​សៀម មានតែ​ការបែងចែក​ពណ៌ បង្កើត​ឱ្យ​មាន​វិបត្តិ​ដល់​ជាតិ និង​បើសិន​គ្មាន​ការផ្លាស់ប្តូរ​គំនិត​ទេ ពិតជា​ធ្លាក់​កាន់តែ​ធ្ងន់ធ្ងរ ។​

Q: ​តើ​មាន​ច្រក​ចេញ​ដែរ​ឬទេ​ ?

A: ច្រកចេញ​​មិន​គួរ​លំបាក​ទេ បើសិន​យើង​មាន​វិធី​ផ្លាស់ប្តូរ​គំនិត ប៉ុន្តែ​វា​លំបាក​ពេល​ផ្លាស់ប្តូរ​វិធី​គំនិត។​ ​ចំពោះ​ច្រក​ចេញ​ដែល​ប្រាប់​ថា មិន​លំបាក​នោះ ព្រោះ​មាន​ប្រទេស​ជាច្រើន​គេ​ធ្វើ​បាន ដូចជា​ប្រេ​ស៊ីល​ជា​មួយអា​ហ្សង់​ទីន ដែល​មាន​ព្រំដែន​ជាប់​គ្នា មាន​ជម្លោះ​ពី​ទឹកជ្រោះ ពី​ការចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក Igaueu National Park ហើយ​ទីបំផុត​ក៏​មាន​ការ ឯកភាព​គ្នា​ពី​ការប្រើប្រាស់​ផលប្រយោជន៍ ពី​ទឹកជ្រោះ​មួយ​កន្លែង​នេះ ។​

​ចំណែក​ចិន​ជាមួយ​រុស្ស៊ី ក៏​អាច​ឯកភាព​គ្នា​ពី​ព្រំដែន​គោក និង​បរិវេណ​ជាយ​ដែន​សៀម​ជាមួយ​ម៉ាឡេស៊ី កាលពីមុន​ធ្លាប់មាន​ជម្លោះ​តំបន់​សមុទ្រ ប៉ុន្តែ​ចុង​ក្រោយ​រដ្ឋាភិបាល​ទាំងពីរ​ក៏​អាច​ឯកភាពគ្នា ដោយ​ទុក​៥០​ឆ្នាំ​​ទៀត ​សឹម​មក​ជជែក​គ្នា​វិញ ។ បញ្ហា​នេះ ទុកឱ្យ​មនុស្ស​ជំនាន់​ក្រោយ ដែល​មាន​បញ្ញា​វាងវៃ​ជាង​ជា​អ្នក​ដោះស្រាយ​ក្នុង​ថៃ្ង​អនាគត ។ ពេលនេះ សៀម​-​ម៉ាឡេស៊ី បានរួម​គ្នា​ជីក​យក​ប្រភព​សក្តានុពល​ប្រេង​ធម្មជាតិ​មួយកន្លែង នេះ​ដើម្បី​ជា​ប្រយោជន៍​ប្រទេស​រៀងៗ​ខ្លួន ។​

Q:
បើ​មិន​គិត​ឱ្យបាន​ដិត​ដល់​រឿង ព្រំដែន​តើ​នឹង​អាច​បាត់បង់​ភាព​ជា​ប្រជាជាតិ​សៀម​ឬទេ​ ?
A: តើ​ភាព​ជាសៀមគឺ​អ្វី​ទៅ ? ភាសា​សៀម គឺ​កម្ចី​មកពី​ពាក្យ​ខ្មែរ ចិន និង​បរទេស​ច្រើនណាស់ ។ ត្រឹមតែ ពាក្យ​ថា​ដឺ​ន​ (​ដើរ​) និង​ដាំ​ណឺន (​ដំណើរ​) ដែល​យើង​ប្រើ​រាល់ថៃ្ងនេះ ហើយ​ពាក្យ​ថា ចាក់រឺន​ (​រីកចម្រើន​)​ឆាំណា​ន (​ជំនាញ​) ពាក្យ​ទាំងនេះ​យើង​បាន​ខ្ចី ពាក្យ​ខ្មែរ​រាប់រយ​ឆ្នាំ​មកហើយ ។​

Q: ភាសា​ហៅ​ឈ្មោះ​ប្រាសាទ ព្រះវិហា​ន ​(Phra Viharn) ឬ​ព្រះវិហារ (Preah Vihear) នៅ​ជាប់គាំង​រវាង កម្ពុជា​-​សៀម តើ​ត្រូវ​ដោះស្រាយ​ដូច ម្តេច​ដែរ ​?
A: រឿង​នេះ​ច្របូកច្របល់​ណាស់ យើង​ត្រូវ​បែក​ចែក​ឱ្យ​ច្បាស់​ថា ​ភាសា​និយាយ ឬ​ភាសាសរសេរ ហើយ​ក៏​ត្រូវ​បែងចែក​ឱ្យ​ច្បាស់​ថា ភាសា​សៀម ឬ​ភាសា​ខ្មែរ ឬ​ភាសា​អង់គ្លេស។ ជា​ការពិត យើង​អះអាង​ថា​ជា​របស់​យើង ទើប​ប្រាប់​ឱ្យ​សរសេរ​ជា​ភាសា​អង់គ្លេស​ដូចដែល​យើង​បញ្ចោ​ញ្ញ​សំឡេង Phra Viharn ប៉ុន្តែ​ធាតុពិត ​ដែល​សរសេរ​តាំង​ពី​ដើម​រៀងមក ​ទាំង​ភាសា​អង់គ្លេស ឬ​ភាសា​បារាំង ក៏​សរសេរថា "Preah Vihear" មក​ជាង​មួយ​រយ​ឆ្នាំ​ហើយ គឺ​សរសេរ​មកតាំង​តែ​សម័យ​បារាំង ជាមួយ​រជ្ជកាល​ទី​៥ រហូត​ដល់​ឡើង​តុលាការ​អន្តរជាតិ សម័យ​រដ្ឋាភិបាល​សេនាប្រមុខ​ សំរិត ថានា​រ៉ាត់ ​ក៏​ប្រើ​ដូច្នេះ ។ ពេលនេះ​យើង ទៅ​ប្រកែក​ជាមួយ​គេ​ឱ្យ​ពលរដ្ឋ​ពិភពលោក​មើលថា​ជា Phra Viharn មើលទៅ​វា​ហាក់​កំប្លែង និង​អស់សំណើច : ពេល​នេះ​ពាក្យ​ថា ​ហា​រ ​ជា​ភាសា​ខ្មែរ ត្រូវ​គេ​ប្រាប់ថា ឱ្យ​ប្រកប​តាម​បែប​សៀម ខណៈ​ដែល​គេ​ប្រើ​យូរយារ​មកហើយ ។​

ពាក្យ​សរសេរ Preah Vihear បាន​ប្រើ​មក​តាំងពី​យូរ ដូច​ខ្ញុំ​ពោល​បញ្ជាក់​ខាងលើ គឺ​ប្រើ​តាំង​តែ​ពេល សេនា​ប្រា​ម៉ូតបាន​ឡើង​ធ្វើ​ជា​មេធាវី​នៅតុលាការ​អន្តរជាតិ​ការពារ​ក្តី​ឱ្យ​រដ្ឋាភិបាលសេនា​ប្រមុខ​
សំរិត ថានា​រ៉ាត់ ហើយ​ពេលនេះ​ចង់​មក​ផ្លាស់ប្តូរវា​មើល ទៅ​ដូចជា​ពុំ​សម​ទាល់តែសោះ ។​

Q:
តើ​អាច​ទៅរួច​ទេ ដែល​សៀម និង​កម្ពុជា​ប្រើ​ព្រះវិហារ​ជា​ផលប្រយោជន៍​រួម​គ្នា​ ?
A: ​ត្រូវ​ធ្វើឱ្យ​អ្នកដឹកនាំ​រដ្ឋាភិបាល ឬ នាយករដ្ឋមន្ត្រី​ទាំង​ពីរ​ប្រទេស​ជា​មិត្ត​នឹង​គ្នា​សិន។ ប៉ុន្តែ​ពេល​នេះ​អ្នកដឹកនាំ​ចង់​ធ្វើ សង្គ្រាម ​(make war)​ ច្រើនជាងសាង​មិត្ត ​(make love) ។ ការបង្កើត​សង្គ្រាម​ make war គឺ​ដើម្បី​ផលប្រយោជន៍ខាង​ល្បែង​នយោបាយ​របស់​បក្ស​ ឬ​របស់​ក្រុម​ជន ​ដែល​ធ្វើ​សកម្មភាព​ជា​បាតុកម្ម ហើយ​សំអាងថា​ជា​ប្រជាពលរដ្ឋ​។ ការពិតការបង្កើត​មិត្ត make love គួរតែ​ផ្តល់​ផលប្រយោជន៍​ដល់ ប្រទេសជាតិ និង​ពលរដ្ឋ​ច្រើនជាង។ ប៉ុន្តែ​ខ្ញុំ​គិតថា មួយ​នេះ​គឺជា​ចំណុច​ខាង នយោបាយ ទោះ​យ៉ាងណា​យើង​កំពុង​មើល​ល្ខោន​នយោបាយ ឈុត​ឆាក​ធំ​ណាស់។ យើង​ត្រូវ​តាំងចិត្ត​មើល​ឱ្យ​ច្បាស់ (​ទោះបី មិន​ចង់​មើល​ក៏​ដោយ ព្រោះ​វា​ជាស្លាក​បញ្ជា​) ហើយ​សឹមចាប់​កំហុសតួ​សម្តែង​ឱ្យ​បាន ។​

Q: ​នយោបាយ​ប្រែ​ថា យើង​មិន​ត្រូវ​និយាយ​ការពិត​មែនឬ ?
A: ពិត​ប្រាកដ​ណាស់អ្នក​គិតថាអ្នកនយោបាយ​និយាយ​ការពិត ឬ អ្នក​នយោបាយ​គឺ​មនុស្ស​ដែល​និយាយ ​មិន​ពិត តែ​ឱ្យមើល​ដូច​ពិត និងពេលខ្លះ​អ្នកនយោបាយ​ត្រូវ​និយាយ​កុហក​ឱ្យមើល​ដូច​ពិត ហើយ​ត្រូវ​ធ្វើឱ្យ​ល្អ ដើម្បី​ផលប្រយោជន៍​របស់​គេ ។​

Q:
​ហេតុ​អ្វី​ប្រទេស​សៀម មិនអាច ធ្វើឱ្យ​មិន​មាន​ទំនាស់​ជាមួយ​ប្រទេស​ជិតខាង​បាន​ ?
A: ​វា​អាច​បង្កើត​ឯកភាព​ជាតិ​ក្នុង​ប្រទេស​ដូច​កម្ពុជា ព្រោះ​ករណី​ប្រាសាទ​ព្រះវិហារ។ ចំណែក​ក្នុង ប្រទេសសៀម រឿង​មួយ​នេះ​ត្រូវបាន​គេ​ធ្វើ​វា​ទៅ​ជាល្បែង​នយោបាយ​ផ្ទៃក្នុង​ខ្លាំងក្លា។ វា​ត្រូវ​គេ​ប្រើ​ច្រើន​រដ្ឋាភិបាល​មក​ហើយដោយ​លើកយក​មក ​ឬ​មិន​លើកយក​មក ដើម្បី​បង្ក្រាប​ភាគី​ម្ខាង​ទៀត​។ បញ្ហា​មួយ​នេះ រដ្ឋាភិបាល​សៀម​ជា​ច្រើន​ជំនាន់បាន​ប្រើ​មក​រហូត។ រដ្ឋា ភិបាល ​នីមួយៗ តែង​បំផុស​ចលនា​ស្រឡាញ់​ជាតិ ជាតិនិយម ការបាត់បង់​ទឹកដី។ រដ្ឋាភិបាលទាំងអស់​បំផុស​មក​បន្ត បន្ទាប់ មិន​ថា​ជា​រដ្ឋាភិបាល​ភិ​បូន​សង្គ្រាម កាលពី​៧០​ឆ្នាំមុន ឬ​រដ្ឋាភិបាល​សារិត គឿប ៥០​ឆ្នាំមុន និង​រហូត​បច្ចុប្បន្ន​ ​មិន​ថា​អ្នកនយោ បាយ​ក្រុម​អាវ​លឿង ឬ​អ្នក​នយោបាយ​បច្ចុប្បន្ន បាន​ប្រើ​ករណី​តែមួយ​នេះ ដើម្បី​បង្កើត​ប្រជាប្រិយភាព​ឱ្យដល់​ខ្លួនឯងបង្កើត​សន្លឹកឆ្នោត ហើយ​រុញច្រាន​ភាគី​ម្ខាង​ទៀត ឱ្យ​បាត់បង់​សន្លឹកឆ្នោត ឬ​ឲ្យ​ដួលរលំ​តែម្តង ។​

Q: សម័យ​រដ្ឋាភិបាល​ សា​ម៉ាក់ ស៊ុន​ដា​រ៉ា​វ៉េ ប្រើ​រឿង​ប្រាសាទ​ព្រះវិហារ​បែបណា​ ?

A: ក្នុងសម័យ​សា​ម៉ាក់ ​២០០៨ ជា​នាយករដ្ឋមន្ត្រី​បាន​ដើរ​តាម​នយោបាយ​របស់​រដ្ឋាភិបា​ល ឆាតឆ័យ ឈុន​ហាវ៉ាន់ (១៩៨៨- ១៩៩១)​ ដែល​បាន​ផ្លាស់ប្តូរ សមរភូមិ​ឱ្យទៅ​ជា​ទីផ្សារ​ជំនួញ ហើយ​រដ្ឋាភិបាល​ជាច្រើន​ទៀត​យក​គំរូ​តាម​នយោបាយ​របស់​លោក​ ឆាត​ឆ័យ ឈុន ហាវ៉ាន់។ ចំណែក​រដ្ឋាភិបាល​លោក ឈួន​លី​ក​ផៃ បាន​ចុះហត្ថលេខា MOU ២០០០​ ជាមួយ​កម្ពុជា និង​ក្រោយ​ពី​នោះ រដ្ឋាភិបាល ស៊ូ​រ៉ា​យុទ្ធ ជូឡា​ណុន ក៏​បាន​ដើរ​តាម​នយោបាយ​នោះ ដោយ​ផ្តល់​នូវ​ការគាំទ្រ ឬ​យ៉ាងហោចណាស់​ក៏​មិន​បាន​ប្រឆាំង​កម្ពុជាក្នុង​ការចុះបញ្ជី​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​កិច្ចប្រជុំ​អង្គការ​យូណេស្កូ ក្នុង​ទីក្រុង​ក្រៃ​ឈើ​ត ប្រទេស​នូវែល​ហ្សេ​ឡង់​ឆ្នាំ​២០០៧ ដោយ​ចាត់​តំណាង​ឱ្យ​ទៅ​ធ្វើការ​ចរចា​ក៏ពិតមែន តែ​តំណាង​រដ្ឋាភិបាល​សម័យ​នោះ​ក៏​បាន​ផ្តល់​ភាព​គាំទ្រ ​(​មិន​បាន​ជំទាស់​)​ ដែរ ។​

​ក្នុងពេលនោះ ករណី​ប្រាសាទព្រះវិហារ​មិន​ទាន់​ត្រូវ​គេ​បំផុស​ចរិត​ជាតិនិយម​ឡើង​ក្នុងកិច្ចប្រជុំ​នៅ​នូវែល​ហ្សេ​ឡង់​ ២០០៧ ​ទេ តែ​វា​ត្រូវ​គេ​បំផុស​ឡើង ក្នុង​ឆ្នាំ​២០០៨ នៅ​ពេល​នាយក​រដ្ឋមន្ត្រី សា​ម៉ាក់ និង​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស ណុប​ផា​ដុន ប៉ា​តា​ម៉ា កាន់អំណាច ។​


​ខ្ញុំ​យល់​ថា បើ​លោក​ស៊ូ​រ៉ា​យុទ្ធ នៅ​ជា​នាយករដ្ឋមន្ត្រី ចំណុច​មួយ​នេះក៏​អាច​មិន​ត្រូវ​គេ​បំផុស​ឡើង​ឡើយ ព្រោះថាវា​អាស្រ័យ​ថា​នរណាជា​នាយករដ្ឋមន្ត្រី នរណា​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​វា​ជា​ល្បែង​នយោបាយ​របស់​មេអំបៅពណ៌​អ្វីមួយ​ ។

Q: ​តើ​យើង​ត្រូវ​ចងចាំ​ ប្រវត្តិសាស្ត្រ​អ្វី​ខ្លះ​ជាមួយ​ប្រទេសជិតខាង​ ?
A: ក្បួនតម្រា​រៀន​ប្រវត្តិសាស្ត្រ​សៀម តាំង​តែ​សម័យ​ស៊ុម​បូ​រណា យ៉ាសិទ្ធ​រ៉ា​ត រហូត​ដល់​ការធ្វើ​រដ្ឋ ប្រហារ​ផ្លាស់ប្តូរ​របប​ការគ្រប់គ្រង​ ១៩៣២ មិន​ត្រូវបាន​គេ​កែលម្អ​ឱ្យ​ទាន់សម័យ​ទេ ព្រោះ​នៅ​ធ្វើឱ្យ​កម្ពុជា​ជា​ជន​អាក្រក់ក្នុង​ប្រវត្តិសាស្ត្រ​ជា​បន្តបន្ទាប់ ។ ប៉ុន្តែ​ជា​ជន​អាក្រក់ បែប​ល្អិត​តូច ដែល​ត្រូវ​គំរាមកំហែង ហើយ​បានជា​កូន​អុក កូន​បណ្តាញ ខណៈ​ដែល​ភូមា​ត្រូវ​គេ​ធ្វើ​ ឬ​គូរ​រូបភាព​ឱ្យ​ក្លាយជា​ជន​អាក្រក់​មាឌ​ធំ​។ ភូមា​លើកទ័ព​មក​ពេលណា ក៏​ត្រូវ​វាយ ឬ​ដុត​ក្រុង​អាយុ​ធ្យា​បាន។ ចំណែក កម្ពុជាមក​ពេល​ណា​ក៏​ធ្វើ​អ្វី​យើង​មិនបាន ត្រូវ​ដកថយ​ទៅវិញ ហើយ​សៀម​យើង​ក៏​បាន​ទៅ​យក​វិញ។ ក្នុង​ប្រវត្តិសាស្ត្រ​សៀម យើង​ក៏​គ្មាន​ការ​កត់​ចងចាំ​ មិន​បាន​សរសេរ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​ថា ស្តេច​សៀម​យើង​សម័យ​ព្រះចៅ​សាម​ព្រះ​យ៉ា នៃ​ក្រុង​អាយុ​ធ្យា ជា​អ្នកប្រព្រឹត្ត ដែល​ទៅ​វាយយក​អង្គរ​វត្ត អង្គរធំ​របស់​កម្ពុជា រហូត​បែក​ខ្ចាត់ខ្ចាយ ក្លាយជា​ទីក្រុង​រហោឋាន។ ស្តេច​សៀមសម័យ​ព្រះ​ន​រ៉េត​សាវ៉នបាន​ទៅ​វាយទីក្រុង​លង្វែក​បែក​ខ្ចាត់ខ្ចាយ ធ្វើឱ្យ​ទីក្រុង​លង្វែក​ក្លាយជា​ទី​រហោឋាន។ សម័យ​តៗ​មក ក៏​ទៅ​វាយ​ទីក្រុង​ផ្សេងៗ​ទៀត តែ​យើង​គ្មាន​ក្នុង​ប្រវត្តិសាស្ត្រ គឺយើង​មាន​តែ​ប្រាប់ថា បាត់បង់​ក្រុង​ស្រី​អាយុ​ធ្យា បាត់បង់​ទឹកដី​ ប៉ុន្តែ​យើង​មិន​បាន ប្រាប់ថា ​បាន​​នគរ​វត្ត ​បាន​ក្រុង​លង្វែក បាន​ក្រុងភ្នំពេញ ឬ​សូម្បីតែ​រឿង​នៃ​ការ​បាន​ដែនដី​សៀមរាប បាត់ដំបង​ មក​មុន​សម័យ​រាជ​កាល​ទី​១ មុន​ដែល​ត្រូវ​បាត់បង់​សម័យ​រាជកា​ល​ទី​៥​នោះ ក៏​អត់​និយាយ​ដែរ នោះ គឺបញ្ហា​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សៀម​​។​

Q: តាំងតែ​ពី​ពេល​យើង​ផ្លាស់​ប្តូរ​ឈ្មោះ​ ប្រទេស​មក​ជា​ថៃ​នោះ​ពិត​ទេ​ ?
A: តាមពិត កើតមាន​មកមុន​ផ្លាស់ប្តូរ​ឈ្មោះ សា​យ៉ាម​ ជា​ ថៃ​ ប៉ុន្តែ ខ្ញុំ​គិតថា នៅ​ពេល​ផ្លាស់ប្តូរ​សា​យ៉ាមជា​ថៃ វា​បាន​បង្កើត​នូវ​បណ្តុះ​គំនិត​ថ្មី​ដែល នៅ​បង្កប់​ក្នុង​ខួរក្បាល​ជនជាតិ​សៀម​បច្ចុប្បន្ន គឺ​គិត​ថា​ឡាវ​ជា​របស់​សៀម។ ចំណែក​ខ្មែរ​ក៏​ជា​របស់​សៀម ទាំង​ដែល​ការពិត​ឡាវ​ជា​របស់​ឡាវ​ ​មក​ពី​មុន និង ​ខ្មែរ​ជា​របស់​ខ្មែរមក​កាលពី​មុន។ ដូចនេះ​ក៏​បង្កើត​នូវ​អក្សរសិល្ប៍​​បណ្តុះ​គំនិត​ខាង​ប្រវត្តិសាស្ត្រ​ថា​ សៀម​មានតែ​ការ​បាត់បង់​ទឹកដី​ជា​បន្តបន្ទាប់​រួម​មាន​១៥​លើក ពិសេស​ថែមទាំង​ថា​នឹងបាត់បង់​ទៀត​ក្នុង​ពេល​នេះ ឃើញ​ថា​សៀម​យើង​មានប្រវត្តិសាស្ត្រ ​មុខ​ពីរ ដែល​បញ្ជាក់​ប្រាប់ថា យើង​បានមក​ពី​មុន ហើយ​បាត់បង់​ ទៅ​វិញ​នោះ​ទេ ។

សម័យ​នៅ​ជា​សា​យ៉ាម ពី​រជ្ជកាល​ទី​៥ ដល់​រជ្ជកាល​ទី​៧ របប​គ្រប់គ្រង​សម័យ​នោះទទួលស្គាល់​ថា​ត្រូវ​បាត់បង់ និងត្រូវ​យល់ ព្រម​ចូលរួម​គូស​ខ្សែបន្ទាត់ដែនដី ​ឬព្រំដែនក្នុង​ឥណ្ឌូចិន (​ឡាវ​និង​កម្ពុជា​) ព្រោះ​បើ​មិន​ព្រម​ទទួល ក៏​ត្រូវ​បាត់បង់​ដែនដីទាំង​ប្រទេស ។​


​ប៉ុន្តែត​មក​ សម័យ​ក្រោយ​ការផ្លាស់ប្តូរ​របប​ការគ្រប់គ្រង​ឆ្នាំ​ ១៩៣២ ស្ថានការណ៍​ពិភពលោក​បាន​ប្រែប្រួល។ ប្រទេស​បារាំង​បាន​ធ្លាក់​អន់ថយ​ដល់ថ្នាក់​ត្រូវ​អាល្លឺម៉ង់​គ្រប់គ្រង ជប៉ុន​ក្លាយ​ជា​មហាអំណាច​ថ្មី។ ​ថៃ​ថ្មី​ ឬនៅពេល​ធ្វើ​ការផ្លាស់ប្តូរសាយ៉ាម ឱ្យទៅជាថៃ​ក៏​បង្កើត​នូវ​លទ្ធិ​ជាតិនិយម​ បង្កើត​អក្សរសិល្ប៍​បណ្តុះ​គំនិត​ថ្មី​ថា ​សៀម​បាត់បង់​ទឹកដី​សម័យ​សា​យ៉ាម ​យើង​ក្លាយជា​កូន​ចៀម​ត្រូវ​ឆ្កែព្រៃ​បារាំង​គាប សង្កត់។ សៀមសម័យថ្មី​មិន​អាច​ទទួល​ស្គាល់​បន្តទៅ​ទៀត និង​នេះ​ក៏​ជា​ប្រវត្តិ​នៃ​ការទាមទារ​ដែនដីច្រាំង​ទន្លេ​មេគង្គ​ទាំង​ពីរ​ជា​របស់​យើង ឬ​តំបន់​បូព៌ា​នេះ​ក៏​ជា​របស់​យើង (​តាម​ពាក្យស្លោក​របស់ ភិ​បុលសង្គ្រាម និង ​វិជិ​តវ៉ា​តកាន​) ។​

បញ្ហា​ខាង​ប្រវត្តិសាស្ត្រ​ដូច្នេះ ដែល​សៀម​លើក​សំអាង​តែ​ឯកតោភាគី។ ខ្ញុំ​ហៅថា ​ប្រវត្តិសាស្ត្រ​ខ្វះខាត និង​ក៏​ជា​ប្រវត្តិសាស្ត្រ​ដំបៅ​ដែរ ។ លើក​ឧទាហរណ៍​ដូច​ជា​សំអាង​ត្រឹមតែ អនុសញ្ញា​ទីក្រុង​តូ​ក្យូ ៩​ ឧសភា ​១៩០៦ (មកពីណាអច្ចេះ លោកបណ្ឌិត!!!) យើង​ក៏​បាន​ទឹកដី​ខេត្ត​សៀមរាប បាត់ដំបង សិរីសោភ័ណ ទីក្រុង​ចម្ប៉ា​សាក់ និងឡាន​ឆាង ​មកវិញ​បន្ថែម​ពីលើ​ ៤ ​ទៅ​ ៥ខេត្ត។ ប៉ុន្តែ​បើ​មើល​ពី​ប្រវត្តិសាស្ត្រ​មុខ​ពីរ ក៏​នឹង​ឃើញថា អនុសញ្ញា​ក្រុង​វ៉ាស៊ីនតោន ១៧​ វិច្ឆិកា​ ១៩៤៦ យើង​ត្រូវ​ប្រគល់​ដែន​ដី​ទាំងនោះ​ទៅវិញ​។​


​មាន​រឿង​មួយ​ដែល​មនុស្ស​ភាគច្រើន​បំភ្លេច ឬ​មិន​ចាំ​ពាក់ព័ន្ធ​រឿង​ប្រាសាទ​ព្រះវិហារ ពោល​គឺ​​អនុសញ្ញា​តូ​ក្យូច្បាប់​នោះ​ សៀម​បាន​ប្រាសាទព្រះវិហារ​មក​ព្រមជាមួយ​ប្រាសាទ​វត្ត​ភូ​ក្នុង​ខេត្ត​ចម្ប៉ា​សាក់​របស់​ឡាវ​ មក​ផង។ តាមពិតប្រាសាទ​វត្ត​ភូ​នេះ​ជា​ប្រាសាទ​របស់​ខ្មែរ​ដ៏​មាន​ចំណាស់ និងជា​មេ​គំរូ​របស់​ប្រាសាទ​ព្រះវិហារ មានន័យ​ថា​រចនាបថ​គំរូ​ដើម​នៃ​ប្រាសាទ​ព្រះវិហារ ក្នុងនេះ​មាន​ទាំង​វិធី​នៃ​ការសាងសង់ រចនាបថ​ជា​គំរូ​តែមួយ ។ ដូច្នេះ រចនាបថ​របស់​វត្ត​ភូក៏​ត្រូវ​គេ​បញ្ជូន​មក​ធ្វើ​រចនាបថ​ប្រាសាទ​ព្រះវិហារ ហើយ​រចនាបថ​របស់​ប្រាសាទ​ព្រះវិហារ ក៏​ត្រូវ​គេ​បញ្ជូន​មក​ធ្វើ​ជា​រចនាបថ​របស់​ប្រា​សាទ​ភ្នំ​រុង​នៅ​សៀម​សព្វ​ថៃ្ង។

​សរុបទៅ វត្ត​ភូ​ប្រៀប​ដូច​ម្តាយ​របស់​ប្រាសាទ​ព្រះវិហារ និង​ក៏​ប្រៀប​ដូច​យាយ​របស់​ភ្នំ​រុង​នោះឯង ។​


​ចំពោះ​កំហុសឆ្គង និង​ចំណុចខ្សោយ​របស់​សៀម​យើង ដូចដែល​យើង​ឃើញ​ក្នុង​ករណី​រឿងក្តី​តុលាការ អន្តរជាតិ ​ឆ្នាំ​១៩៦២ ក្រុម​មេធាវី​របស់​រដ្ឋា​ភិបាល​សៀម​ដែល​មាន​សេនាប្រមុខ​ប្រា ម៉ូត​(​ដឹកនាំ​) ដោយ​មាន​ជំនឿ​យ៉ាង​ធំធេង​ដល់​រឿង​ការបែងចែក​ព្រំដែន​តាម​ការបែង​តាម​ខ្សែទឹក ពី​សន្ធិសញ្ញា​ឆ្នាំ ១៩០៤ តែ​មិន​បាន​ចាប់អារម្មណ៍​ចំពោះ​សន្ធិសញ្ញា​ឆ្នាំ​១៩០៧​មួយ​ច្បាប់ ទៀត គឺ​ច្បាប់​ដែល​ស្តេច​រជ្ជកាល​ទី​៥ ទ្រង់​បាន​ចុះ​ព្រះ​ហត្ថលេខា​ផ្តល់​សច្ចាប័ន នៅពេល​ទ្រង់​យាង​ឆា្ងយ​ផ្ទះ​​ទៅ​ទីក្រុង​ប៉ារីស ហើយ​ច្បាប់​នេះឯង​ដែល​គ្របដណ្តប់​ដល់​រឿងផែនទី​ទៀតផង។ ​ដោយហេតុ​នេះ​ ​ទើប​តុលាការ​អន្តរជាតិ​មិន​ស្តាប់​មេធាវី ខាង​យើង​ក្នុង​សំឡេង​ ៩ ​ទល់​ ៣ ​កាលពី ឆ្នាំ​១៩៦២ ដែល​យើង​ត្រូវ​ចាញ់ក្តី ។​

​កំហុសឆ្គង និង​ការជឿជាក់​ទាំង​ខុស​នេះ អ្នកនយោបាយ​បច្ចុប្បន្ន កម្រិត​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក៏​នៅ​ជឿជាក់ និង​ប្រើ​ទិន្នន័យ​ដូច្នេះ​នៅឡើយ។ ទោះបី ជា​វា​ជា​ទិន្នន័យ​ដែល​យើង​ធ្លាប់ប្រើ ហើយ​ចាញ់ក្តី​មក​ហើយ​ក៏​ដោយ ក៏​គេ​នៅតែ​នាំ​វា​យក​ប្រើ​ជាន់​ដាន និយាយ​ដដែល បង្កើត​ឱ្យ​យល់​ខុស​ក្នុង​ក្រុម​ពលរដ្ឋ​ទូទៅ នាំយក​ទៅ​ពង្រីក​រឿង ពង្រីក​ពី​រឿង​របស់​តួ​ប្រាសាទ ក្លាយជា​រឿង​តំបន់​ ៤,៦ គីឡូម៉ែត្រ​ក្រឡា ក្លាយជា​រឿង​ជម្លោះ​ផ្ទៃសមុទ្រ។ រឿង​ត្រូវ​គេ​ពង្រីក​ជា​បន្តបន្ទាប់​តាម​ល្បែង​របស់​អ្នក នយោបាយ ដូច្នេះ​ចំណុច​នេះ​មិន​ងាយ​ចប់​ឡើយ ។​


Q:
តើ​ត្រូវធ្វើ​ដូចម្តេច​អាច​ ទម្លុះទម្លាយ​រឿង​ព្រំដែន​បាន ​?
A: ​អាច​បាន​បើ​នាយករដ្ឋមន្ត្រី​ទាំង​ពីរ​ជា​មិត្ត​​គ្នា ដូចជា​ចិន​ជាមួយ​វៀតណាមធ្វើ​សង្គ្រាម​ជាមួយ​គ្នា​ជិត ​២​ពាន់​ឆ្នាំ ប៉ុន្តែ​បរិវេណ​ជម្លោះ​រវាង​ចិន​-​វៀតណាម បាន​ឯកភាពគ្នា​រួចរាល់​អស់ហើយ។ ដូច្នេះ​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​ត្រូវ​ក្លាយជា​មិត្ត​នឹង​គ្នា អ្វីៗ​ទើប​រក​ច្រក​ចេញ​ទៅ​បាន ។​

Q: ​តើ​យើង​ត្រូវ​ប្រើ​អ្វី​ជា​ឯកសារ​ភស្តុតាង ​?
A: ​បើសិន​ត្រូវការ​ឈ្នះ វា​ក៏​ត្រូវ​សំអាង។ ឯកសារ​ជា​ភស្តុតាង​គឺ​ផែនទី។ ពេល​នេះ​ខ្មែរ​ប្រាប់ថា ត្រូវ​ប្រើ​ផែនទី​ដែល​ហៅថា Dongrek ប៉ុន្តែ​សៀម​យើង​តែង​ហៅថាផែនទី​១/​២០០.០០០ ឬ​ហៅ​ថា​ផែនទី​បារាំង​ធ្វើ​តែ​ឯកតោ​ភាគី ហើយ​យើង​មិន​ត្រូវការ ប្រើ យើង​មិន​ទទួលយក​ផែនទី​នេះ។ យើង​ទទួលយក​បែងចែក​ព្រំដែន​ដើរ​តាម​ខ្សែទឹក ចំណែក​កម្ពុជា​គេ​អះអាង​ថា​ផែនទី​នេះ​បារាំង​មិន​បាន​ធ្វើ​តែ​ឯកតោភាគី​ទេ ប៉ុន្តែ​បាន​ធ្វើ​ជាមួយ​សៀម និង​រដ្ឋាភិបាល​សៀម​បាន​ទទួលស្គាល់ ហើយ​ពិសេស​ថែម​ទាំង​នៅ​យកមកប្រើ​តាំងតែ​ពី​សម័យ​រជ្ជកាល​ទី​៥ ​នៃ​យុគសម័យរបស់​សម្តេច​ព្រះ​យ៉ាដាំ​រុង ​និង​សម្តេច​ក្រុង​ជោ​វង្ស ពោល​គឺ​ប្រើ​តាំងពី​យូរយារ​ណាស់​មកហើយ ។​

សូម្បី​តែ​សម្តេច​ក្រុង​ព្រះ​យ៉ាដាំ​រុង ​នៃ​រជ្ជកាល​ទី​៧ ក៏​ធ្លាប់​សុំ​អនុញ្ញាត​ពី​បារាំង​មុនពេល​ឡើង​ទៅ​ទត​ប្រាសាទ​ព្រះវិហារ​ ថតរូប​ភាព​យ៉ាងច្រើន​ដែរ។ ព្រះអង្គ​បាន​គង់នៅ​ទី​នោះ​មួយ​យប់ ដែលជា​ភស្តុតាង​កម្ពុជា​យកមក​ប្រើ និង​ឈ្នះក្តីប៉ុន្តែមេធាវី​សៀម​យើង​ប្រាប់ថា​មិន​ទទួលយក​ផែនទី​មួយ​នោះ គឺ​តាំង តែ​ពី​សេនាប្រមុខ​ប្រា​ម៉ូត ដល់​លោក​អាប់​ភី​ស៊ីត ប្រាប់ថា​មិន​ទទួល​ផែនទី យើង​ប្រកាន់​យក​បែងចែក​ទឹកដី​តាម​ខ្សែទឹក​ ។ បញ្ហា​មួយ​នេះ​គឺ​បែងចែក​តាម​ខ្សែទឹក តើ​បែងចែក​ខ្សែទឹក​យក​ផែនទី​ច្បាប់​ណាមួយ​មក​ប្រើ​ទៅ

1 comment:

វិចិត្រ said...

អនុសញ្ញា​ទីក្រុង​តូ​ក្យូ ៩​ ឧសភា ​១៩០៦
ប្រហែល​អនុសញ្ញា​គេ​ធ្វើ​ឡើង​ពេល​បារាំង​ចាញ់​ជប៉ុន​ដឹង? ព្រោះ​ថាមាន​ពេល​មួយ​នោះ​ ពេល​បារាំង​ឈ្នះ​សៀម បារាំងបាន​យក​ដី​ខ្លះ​របស់​ខ្មែរ​មក​ប្រគល់​អោយ​ខ្មែរ​វិញ ក្រោយ​មក​បារាំង​ចាញ់​ជប៉ុន ជប៉ុន​ជា​សម្ព័ន្ធមិត្ត​របស់​សៀម ក៏​កាត់​ដី​ខ្លះ​ទៅ​អោយ​សៀម​វិញ។ ប្រវត្តិសាស្ត្រ​ខ្មែរ​យើង​ក៏​និយាយ​បែប​នេះ​ដែរ​។